លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតាំងជាគ្រូបង្គោលឈុត Cambodia All Stars ក្នុងការប្រកួតមិត្តភាពអន្តរជាតិជាប្រវត្តិសាស្ត្រជាមួយក្លិបកំពូលរបស់ប្រទេសថៃគឺ SCG Muangthong United និង Buriram United នៅថ្ងៃទី១៦និង២៣មករាឆ្នាំ២០១៦នាពហុកីឡដ្ឋានជាតិ។ លោកគ្រូបង្ហាញចំណាប់អារម្មណ៍ចំពោះការតែងតាំងនេះថា៖ "នេះជាមោទនភាពសម្រាប់ក្លិបបឹងកេតអង្គរទាំងមូល ទាំងថ្នាក់ដឹកនាំ ក្រុមគ្រូបង្វឹក កីឡាករ និងបុគ្គលិក ដែលពួកយើងធ្វើបានល្អក្នុងព្រឹត្តិការណ៍ Toyota Mekong Club Championship 2015 ពីរប្រកួតកន្លងមកនេះ និងការបញ្ចប់ការសន្សំពិន្ទុទាំងពីរជុំក្នុងលេខរៀងទី១នៃលីគកំពូលកម្ពុជា នាំឱ្យសហព័ន្ធផ្ដល់ទំនុកចិត្តលើរូបខ្ញុំ។ ខ្ញុំនឹងសម្រិតសម្រាំងកីឡាករឆ្នើមៗក្នុងលីគកំពូលកម្ពុជាដើម្បីហ្វឹកហាត់ត្រៀមបង្ហាញសមត្ថភាពទល់នឹងក្លិបលំដាប់ AFC Champions League របស់ថៃ"។ លោកគ្រូបន្ថែមថាលោកកំពុងគិតអំពីសមាសភាពកីឡាករនិងគ្រូជំនួយជាបណ្ដើរៗ ហើយនឹងប្រកាសក្រោយបឹងកេតអង្គរប្រកួតជាមួយ Becamex Binh Duong រួចរាល់។