រយៈពេល៤ថ្ងៃ គយចល័តចាប់រថយន្តទំនើបៗអត់ពន្ធបាន១៣គ្រឿង
ដោយ៖ សុវណ្ណ រិទ្ធី
ថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០១៥ ម៉ោង ១៦:៣២
រាជធានីភ្នំពេញ ៖ គ្រាន់តែរយៈពេល៤ថ្ងៃ កម្លាំងគយចល័តដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវបទល្មើសគេចពន្ធ ហៅគយចល័ត ដោយមានការសហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ និងលោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចុះចាប់រថយន្តស៊េរីទំនើបៗតាមផ្លូវសាធារណៈបានចំនួន១៣គ្រឿងក្នុងភូមិសាស្ត្រខណ្ឌនាៗក្នុងរាជធានីភ្នំពេញ ។
លោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវបទល្មើសគេចពន្ធ ហៅគយចល័ត បានអោយដឹងថា រយៈពេល៤ថ្ងៃ គឺគិតចាប់ពីថ្ងៃទី០៤ ថ្ងៃទី០៥ ថ្ងៃទី០៦ និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥នេះតែម្តង គឺកម្លាំងគយចល័តរបស់លោកបានចុះចាប់បានរថយន្តទំនើបៗក្នុងខណ្ឌនាៗក្នុងរាជធានីភ្នំពេញបានរហូត១៣គ្រឿង ។ ដោយនៅថ្ងៃទី០៤ ខែធ្នូ កម្លាំងលោកចាប់បានរថយន្តទំនើបៗអត់ពន្ឋ៤គ្រឿង គឺរថយន្តឡិចស៊ីស 450H ២គ្រឿង, ហាយលែនឌ័រ១គ្រឿង និងឡង់គ្រីស័រ១គ្រឿង នៅក្នុង៣ខណ្ឌផ្សេងៗគ្នា គឺនៅខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌចំការមន ។ ចំណែកថ្ងៃទី០៥ ទី០៦ ខែធ្នូ កម្លាំងលោកបានចុះតាមចាប់រថយន្តអត់ពន្ឋស៊េរីទំនើបបាន៤គ្រឿងទៀត គឺរថយន្តម៉ាកឡិចស៊ី 350 ពណ៌ស ស៊េរីឆ្នាំ២០១០ ចាប់បាននៅភោជនីដ្ឋានដើមចំប៉ា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ, ទី២-រថយន្តកាមរី ស៊េរីឆ្នាំ២០១៤ចាប់បាននៅម្តុំវត្តទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, ទី៣-រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ចាប់បាននៅភោជនីដ្ឋានសមុទ្រខៀវ ស្ថិតក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា និង ទី៤-រថយន្តម៉ាកហាយលែនឌ័រ ចាប់បាននៅម្តុំផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។ រហូតដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥នេះ កម្លាំងលោកក៏បានបន្តចុះចាប់រថយន្តអត់ពន្ឋបានចំនួន៥គ្រឿងទៀត គឺរថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ១គ្រឿង នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក, រថយន្តកាមរី ហាយប្រ៊ីត ពណ៌ស្ករ រួមជាមួយរថយន្តកាមរី ស៊េរីឆ្នាំ០១២ ពណ៌ទឹកប្រាក់ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ចំណែករថយន្តឡិចស៊ីស ៣៥០ ពណ៌ស ចាប់បាននៅសង្កាត់វាលវង្ស ខណ្ឌ៧មករា ហើយរថយន្តកាមរី ស៊េរីឆ្នាំ២០១៤ ពណ៌ស ១គ្រឿងទៀត គឺចាប់បាននៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
លោក ព្រាប គារ៉ាត់ បានអះអាងបន្តថា បច្ចុប្បន្ននេះកម្លាំងគយចល័ត បានដឹងនៅមានរថយន្តជាច្រើនគ្រឿងទៀត បាននឹងកំពុងលាក់ទុកនៅក្នុងផ្ទះ ឬភូមិគ្រឹះ ហើយកម្លាំងគយចល័តនឹងបន្តចុះចាប់ទៅដល់គេហដ្ឋាន ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ម្ចាស់យានយន្តមិនព្រមយករថយន្តមកបង់ពន្ធតាមផ្លូវច្បាប់ ។ ទោះបីជាយ៉ាងណា នាយកដ្ឋានគយ និងរដ្ឋាករ សូមអំពាវនាវឲ្យម្ចាស់យានយន្តទាំងអស់មេត្តារួសរាន់មកធ្វើការបង់ពន្ធតាមផ្លូវច្បាប់ និងទាន់ពេលវេលា ដើម្បីជៀសវាងការចុះចាប់ដល់គេហដ្ឋាននាំឲ្យមានភ្ញាក់ផ្អើល និងប៉ះពាល់កិត្តិយស ។
បច្ចុប្បន្ន រថយន្តស៊េរីទំនើបៗអត់ពន្ធទាំង១៣គ្រឿងត្រូវបានទៅរក្សាទុកនៅមជ្ឈមណ្ឌលឃ្លាំងគយចល័យ ដើម្បីធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ ៕